Tuesday, August 9, 2016

ងន សាំង៖ ពីបុគ្គលិកហាត់ការ (Intern) កា្លយជានាយកប្រតិបត្តិ ក្រុមហ៊ុន RMA ប្រចាំកម្ពុជា




លោក ងន សាំង ជាបុគ្គលគំរូដ៏ជោគជ័យម្នាក់ ដែលបានចាប់ផ្តើមការងារជាបុគ្គលិកហាត់ការ នៅក្រុមហ៊ុន RMA ក្នុងឆ្នាំ ១៩៩៦ និងបន្តអភិវឌ្ឍន៍ខ្លួនរហូតក្លាយជា នាយកគ្រប់គ្រងប្រតិបត្តិរបស់ក្រុមហ៊ុន RMA ប្រចាំកម្ពុជាកាលពីឆ្នាំ ២០១៤ ជំនួសឲ្យលោក Rami Sharaf។ ពាណិជ្ជកម្ម កម្ពុជា សូមចែករំលែកពីបទពិសោធន៍នៃការតស៊ូ និងគន្លឹះខ្លះៗរបស់លោក ងន សាំង ដើម្បីទទួលបានភាពជោគជ័យក្នុងការងារដូចខាងក្រោម៖
១. ធ្វើឲ្យថ្នាក់ដឹកនាំស្ងើចសរសើរ៖ ក្នុងកំឡុងពេលវិស្សមកាលដែលបុគ្គលិករួមការងារ បានបន្សល់ទុកឯកសារចាំបាច់ជាច្រើនដែលមិនទាន់បានធ្វើ លោក ងន សាំង ក៏ឆ្លៀតឱកាសសាកសួរដល់ថ្នាក់ដឹកនាំ ដើម្បីជួយបំពេញការងារទាំងនោះ ហើយជាចុងក្រោយលោក ធ្វើវាបានយ៉ាងល្អ និងទទួលបានការចាប់អារម្មណ៍ និងស្ងើចសរសើរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំរបស់គាត់។
២. មិនកំណត់ការងារ ត្រឹមមុខតំណែងមួយ៖ លោក សាំង មិនបានកំណត់ការងាររបស់គាត់ ត្រឹមតែមួយផ្នែកដែលគាត់រាប់រងនោះទេ គឺនៅខណៈដែលលោកបានធ្វើជានាយកផ្នែកហិរញ្ញវត្ថុ លោកក៏បានធ្វើការងារជាច្រើនពាក់ព័ន្ធជាមួយផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងមូល ដែលក្រោយមកលោកក៏ត្រូវបានតែងតាំងជាអគ្គនាយករងប្រចាំប្រទេស ហើយលោកទទួលយកមុខតំណែងទាំងពីរក្នុងពេលតែមួយ។
៣. បន្ស៊ាំខ្លួន ទៅនឹងការផ្លាស់ប្តូរ៖ ការសិក្សានៅបរទេសរបស់លោក សាំង គឺមានការពិបាក និងទាមទារឲ្យលោកចេះបន្ស៊ាំខ្លួន ទៅនឹងវិធីសាស្រ្តនៃការសិក្សាបែបថ្មី និងប្លែករបស់សាស្រ្តាចារ្យបរទេស ព្រោះធ្វើឲ្យលោកសឹងតែមិនបានគេង តែមេរៀនសំខាន់បំផុតដែលលោកបានរៀនពីសាលា Harvard គឺ គិតឲ្យខុសពីគេហើយវាជាគន្លឹះដែលលោកសាំង បានយកមកប្រើប្រាស់ក្នុងថ្នាក់ដឹកនាំរបស់គាត់។
៤. ការគ្រប់គ្រងដ៏លំបាក គឺជាការគ្រប់គ្រងដ៏ល្អបំផុត៖
ដើម្បីក្លាយជាអ្នកគ្រប់គ្រងដ៏ជោគជ័យ លោកអ្នកត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាកបំផុត ព្រោះលោកអ្នកត្រូវតែរក្សាតុល្យភាពរវាងម្ចាស់ហ៊ុន និងបុគ្គលិក ហើយត្រូវផ្តោតសំខាន់លើតម្លៃនៃអាជីវកម្មរបស់លោកអ្នក និងត្រូវសម្រេចចិត្ត បើទោះបីជាធ្វើឲ្យភាគីណាមួយមិនសប្បាយចិត្តក៏ដោយ។